ប្រវត្តិ ព.ស.ស.រ

ប្រវត្តិ ព.ស.ស.រ

ប្រវត្តិសង្ខេបរបស់ ព.ស.ស.រ

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា  ត្រូវបានស្ថាបនាឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ ដោយបានប្រោសប្រសិទ្ធិនាមថា “ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា” ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានទទួលលិខិតចេញជាគោលការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៩១៤ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥ ក្រោមការរៀបចំ ដឹកនាំ​ គ្រប់គ្រង ប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ខ្ពស់ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយអនុក្រឹត្យ លេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខែកក្កដា ២០០៧ និងត្រូវបានទទួលស្គាល់ពី គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ។

 ក្រោមការដឹកនាំរបស់សម្តេចព្រះសាកលវិទ្យាធិការ ព.ស.ស.រ បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិកសន្តិភាព។

ព័ត៌មានមន្ត្រី បុគ្គលិក សាស្រ្តាចារ្យ និស្សិត

- ការគ្រប់គ្រង

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បច្ចុប្បន្នមាន សាកលវិទ្យាធិការរងចំនួន ៤រូប ព្រឹទ្ធបុរសចំនួន ១រូប ព្រឹទ្ធបុរសរងចំនួន ៣រូប សាស្ត្រាចារ្យក្របខណ្ឌចំនួន ៦រូប មន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦រូប ក្រៅពីនោះមានសាស្ត្រាចារ្យជាង១០០រូបផ្សេងទៀតបង្រៀនម៉ោងបន្ថែម។

- ចំនួននិស្សិតសរុប

        - ២០០៤-២០១៩ សមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣៩៨២ រូប  (សមណនិស្សិតចំនួន ១៩៨២អង្គ)។

          - ២០១៩-២០២០ សរុបចំនួន ១៦៧៥ រូប។

- សមណនិស្សិត-និស្សិតជ័យលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រ ពីព្រះករុណាព្រះបាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លើកទី៣នេះ មានចំនួន ៩៥៤ រូប (សមណនិស្សិត ចំនួន ៩២ អង្គ)។